របៀបធ្វើសមាធិ

របៀប​ហ្វឹក​អង្គុយ​សមាធិ មនុស្ស​មួយ​ចំនួន​ ច្រើន​យល់​ច្រឡំ​ថា សមាធិ ជា​វិជ្ជា​សម្រាប់​ ព្រះ​សង្ឃ ដូនជី ឬ​មនុស្ស​ចាស់​តែ​ប៉ុណ្ណោះ ជា​ហេតុ​ធ្វើ​ឲ្យ​គេ​យល់​ថា​​ការ​សិក្សា​សមាធិ​ជា​ការ​បង្ខាត​ពេលវេលា ឬ​ជួន​កាល​មិន​ចង់​ដឹង​ មិន​ចង់​ឮ​ទៀត​ផង។ នេះ​ក៏​ព្រោះ​តែ​ពួក​គេ​មិន​ទាន់​យល់​ច្បាស់​ពី​សមាធិ​និង​អត្ថប្រយោជន៍​ របស់​សមាធិ។ សមាធិ​ មានន័យ​ថា​ ការតាំង​ចិត្ត ឬ​ការ​តម្កល់​ចិត្ត​យ៉ាង​មាំ។ តាម​ការ​វិភាគ​ពិចារណា​របស់​មហា​វិទ្យា​ល័យ​នានា​ក្នុង​ពិភព​លោក​បាន​ឃើញ​ថា សមាធិ​ជួយ​ឲ្យ​យើង​រៀន​ពូកែ សមាធិ​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ សមាធិជួយ​ឲ្យ​យើង​លេង​កីឡា​បាន​ល្អ ។ល។ ដើម្បី​ឲ្យ​កើត​សមាធិក្នុង​ចិត្ត​ត្រូវ​ ហ្វឹកហាត់​ចិត្ត និង​អភិវឌ្ឍន៍​ចិត្ត។ ការហ្វឹកហាត់​ចិត្ត​ គឺ​ការ​រៀន​ស្គាល់​ខ្លួន​ឯង​ និង​ស្គាល់​ធម្ម​ជាតិ​ ដោយ​ចិត្ត​ទៀង​ត្រង់​ និង​ជ្រះ​ថ្លា។ ការ​អភិវឌ្ឍន៍​ចិត្ត​ គឺ​ជា​ការ​លើក​កំពស់​ចិត្ត​របស់​ខ្លួន​ ប្រកប​ដោយ​គុណធម៌​ សេចក្តី​ល្អ សេចក្តី​ហ្មត់​ចត់ និង​សេចក្តីរីករាយ។​ របៀប​ហ្វឹក​អង្គុយ​សមាធិ របៀប ​អង្គុយ​គឺ​ជើង​ស្តាំដាក់​លើ​ជើង​ឆ្វេង ដៃ​ស្តាំ​ដាក់​លើ​ដៃ​ឆ្វេង តាំង​ខ្លួន​ឲ្យ​ត្រង់​ ធ្មេច​ភ្នែក​ ហើយ​តាំង​សតិ​នៅ​នឹង​ដង្ហើម​ចេញ​ចូល​។ ចូរ​ដក​ដង្ហើម​ចូល​ឲ្យ​ជ្រៅ​ ហើយ​បញ្ចេញ​វិញ​ឲ្យ​វែង​យឺត​ៗ។ ចូរ​​ផ្តោត​អារម្មណ៍​នឹង​ខ្យល់​ដង្ហើម​ ដង្ហើម​ចូល​វែង​ក៏​ដឹង ចូល​ខ្លី​ក៏​ដឹង​ ដង្ហើម​ចេញ​វែង​ក៏​ដឹង​ ចេញ​ខ្លី​ក៏​ដឹង។ ចូរ​អ្នក​តាំង​សតិ​ឲ្យ​នៅ​នឹង​ខ្យល់​(ដង្ហើម) ពេល​ចូល​នឹក​តែ​ក្នុង​ចិត្ត​ថា​ ខ្យល់​ចូល​ហ្ន៎ ពេល​ខ្យល់​ចេញនឹក​ថា ​ខ្យល់​ចេញ​ហ្ន៎ ។ ចូរ​អ្នក​សង្កេត​មើល​ផង​ដែរ​ថា តើ​ខ្យល់​មាន​លក្ខណៈ​ដូច​ម្តេច​ខ្លះ​? ប្រសិន​បើ​ខ្យល់​ចូល​វែង​ ត្រូវ​កំណត់​ក្នុង​ចិត្ត​ថា​ ខ្យល់​ចូល​វែង​ហ្ន៎ ចូល​ខ្លី​ត្រូវ​កំណត់ថា​ ខ្យល់​ចូល​ខ្លី​ហ្ន៎ ចេញ​ខ្លី​កំណត់​ថា​ ចេញ​ខ្លីហ្ន៎ ។ ត្រូវ​កំណត់​អារម្មណ៍​បច្ចុប្បន្ន​ឲ្យ​ទាន់​គឺ​ថា​ខ្យល់​ប្រាណ​នេះ​វា​យ៉ាង​ ដូច្នេះ​​ឯង។ ចូរ​កំណត់​ឲ្យ​បាន​ស្មើ​រហូត​ឃើញ​ច្បាស់​ថា ខ្យល់​ចេញ​ចូល​ៗៗ តិច​ទៅ​ៗៗ​ រហូត​​ឈប់​ចេញ​ចូល។ ពេល​នោះ​ចូរ​អ្នក​កុំ​ភ័យ​ខ្លាច​ឲ្យ​ សោះ អ្នក​មិន​អី​ទេ​ គឺ​ក្នុង​ពេល​នេះ​ឯង​ដែល​អ្នក​កំពុង​តែ​បាន​ជួប​ប្រទះ​ នឹង​ថិតិ​ថ្មី​របស់​សភាវៈ​ចិត្ត​នៃ​ជីវិត។ អ្នក​នឹង​មាន​អារម្មណ៍​ស្រឡះ សប្បាយ​ ដោយ​រក​វត្ថុ​អ្វី​​មក​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ។ ប៉ុន្តែ​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ចូរ​អ្នក​កុំ​បង្ខំ​ឲ្យ​ខ្យល់​ឈប់​ឲ្យ​សោះ​ ប្រសិន​បើអ្នក​បង្ខំ​វា វា​នឹង​ធ្វើ​ឲ្យ​អ្នក​តប់​ប្រមល់​មួយ​រំពេច។ ចូរ​បណ្តោយ​ឲ្យ​វា​ចេញ​ចូល​តាម​ធម្មជាតិ​ចុះ​ អ្នក​មាន​នាទី​ត្រឹម​តែ​កំណត់​ដឹង​ប៉ុណ្ណោះ​។ នៅ​ពេល​ណា​ដែល​សមាធិ​អ្នក​រីក​ចម្រើន​ឡើង​ហើយ​នោះ វា​នឹង​វិល​មក​ចេញ​ចូល​ៗៗ​តាម​ធម្មតា​វិញ ហើយ​អ្នក​នឹង​ដឹង​ថា​ ហាក់​ដូច​ជា​ពុំមាន​ខ្យល់​ចេញ​ចូល​។ ចូរ​អ្នក​កំណត់​​ឲ្យ​ទាន់​ដោយ​នឹក​តែ​ក្នុង​ចិត្ត​ថា​ ដឹង​ហ្ន៎ ។